បញ្ជូនលោកស័ក្តិ៥ ហ៊ុន ហេង នាយការិយាល័យគណនេយ្យនិងភស្តុភារ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅតុលាការ
ឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបញ្ជូនលោិវរៈសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យនិងភស្តុភារ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ពាក់ព័ន្ធបេីកបរក្នុងស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយពលរដ្ឋស្លាប់១នាក់ រងរបួសធ្ងន់ស្រាល ៥នាក់ ខូចខាតរថយន្ដ ម៉ូតូ និង ម៉ូតូកង់បីមួយចំនួនទៀត កាលពីរសៀលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៥ នៅផ្លូវនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។



ការឃាត់ខ្លូនលោកវរៈសេនីយ៍ឯក ហ៊ុន ហេង បញ្ជូនទៅតុលាការ គឺជាការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ជាពិសេសអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំទៅកាន់មន្ត្រីចរាចរណ៍ ត្រូវចាប់ឃាត់ខ្លួនគ្រប់បុគ្គលដែលសេពគ្រឿងស្រវឹងហេីយបេីកបរបណ្ដាលអោយអ្នកដទៃស្លាប់ និងរបួស ទោះបីបុគ្គលប្រព្រឹត្តនោះមានតួនាទី ឋានៈបុណ្យស័ក្ដិ ធំប៉ុនណាក៏ដោយគឺមិនអត់ឱនអោយជាដាច់ខាត ។

កន្លងមករយៈពេលជិត ២ឆ្នាំ ដែល រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមិនយោគយល់ ឬ អត់ឱនអោយ បុគ្គលទាំងឡាយណាដែលបង្ករគ្រោះថ្នាក់ចរាចរណ៍រួចខ្លួនទេ ។ ជាក់ស្ដែងករណី បុកកីឡាករវាយថេនីស ករណីបុកកីឡាករបាល់ទាត់ និង ករណីមន្ត្រីគយបុករះនៅស្ពានឬស្សីកែវ គ្រប់ជនបង្ករសុទ្ធតែត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ទាំងអស់ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលដែលតែងតែគិគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។