ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី អំពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ — ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.)បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អំពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពីលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ ដែលសមត្ថកិច្ចតាមបណ្តារាជធានី ខេត្ត បានបង្រ្កាប កន្លងមក ព្រមទាំងបានលើកសំណូមពរដល់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំនេះ ផ្តល់កិច្ចសហការ លើការងារនេះ។ ការលើកឡើងរបស់ឯកឧត្ដមសន្ដិបណ្ឌិតយ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។


ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍លើកសំណូមពរដល់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំនេះ ផ្តល់កិច្ចសហការ លើការងារប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យាឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Shaharuddin bin Onn បានសម្តែងនូវជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ី កន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ស្ថានទូត និងរដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានផ្លាស់ប្តូរយោបល់លើជំហានបន្ទាប់ក្នុងការជំរុញនិងបង្កើនកិច្ចសហការជាមួយគ្នារវាងលេខាធិការដ្ឋាន គ.ប.ឆ.ប. និងស្ថានទូត៕
