ក្រសួងធម្មការនិងសាសនាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវយង់ឃ្នងរបស់កងទ័ពថៃ
រាជធានីភ្នំពេញ៖ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងធម្មការនិងសាសនា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវយង់ឃ្នងរបស់កងទ័ពថៃ ដែលវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ឋិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ នៃដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់អ្នកគោរពសាសនា នៅជុំវិញពិភពលោក ព្រោះរូបសំណាកនេះត្រូវ បានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ ដោយប្រជាជនទូទៅ ហើយក៏ជាផ្នែកមួយនៃបេតិកភណ្ឌ អារ្យធម៌រួមគ្នារបស់មនុស្សជាតិ ហើយសូមស្នើដល់សាសនិកទូទាំងពិភពលោក និងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពទមិឡឥតសាសនារបស់កងទ័ពឈ្លានពានថៃ។
ជាងនេះទៅទៀត កងទ័ពថៃបានបន្តធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់អាវុធ ធុនតូច ធុនធំ យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែក ផ្សែងពុល គ្រាប់បែកចង្កោម និងនាវាចម្បាំង បាញ់ប្រហារ និងទម្លាក់គ្រាប់យ៉ាងកំរោល មិនរើសគោលដៅ សាហាវព្រៃផ្សៃបំផុត បានធ្វើឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាមួយចំនួន ស្លាប់និងរងរបួស ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រាសាទបុរាណ រូបសំណាកគោរពសក្ការបូជា ត្រូវបានបំផ្លិចបំផ្លាញ។ លើសពីនេះ សិស្សសាលា ក្មេងចាស់ ប្រុស ស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពភ្លាមៗ ដោយមិនបានត្រៀមលក្ខណៈជាមុន។
ក្រសួងធម្មការនិងសាសនា សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់អរិភាព និងការបំផ្លិចបំផ្លាញរាល់រូបសំណាកសម្រាប់ ការគោរពបូជារបស់មនុស្សជាតិជាបន្ទាន់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា សន្ធិសញ្ញាអនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយ មួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងយូរអង្វែង។

