ការគោរពនិងបដិបត្ដិបូជាចំពោះពិធីបុណ្យវិសាខបូជា
ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៦ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃសុក្រ ១៥កើត ខែវិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទ ទូទាំងពិភពលោកក៏ដូចជានៅកម្ពុជា ដើម្បីរម្លឹកនឹកដល់អភិលក្ខិតសម័យ ទាំងបី គឺថ្ងៃ ដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខដូចគ្នា។

ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីបុណ្យវិសាខបូជាជាផ្លូវការ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ជាតិ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនអធិកអធម។
ដោយឡែកនៅ តាមបណ្តាវត្តអារាមទូទាំងប្រទេសបានរៀបចំពិធីបុណ្យនេះព្រមៗគ្នាដែរតាមសេចក្តីណែនាំ របស់ក្រសួងធម្មការនិងសាសនា ដោយបានណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធី បុណ្យវិសាខបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀម ទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនានិងត្រូវរៀបចំ ឱ្យមានពិធីចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទសូធ្យធម៌បទ ធ្វើសមាជិកម្មដ្ឋាន ជាដើម។ នៅតាមវត្តគេឃើញពុទ្ធបរិស័ទមានប្រុសមានស្រីមានចាស់មានក្មេងបានមកចូលរួមក្នុងពិធី បុណ្យវិសាខបូជា ដើម្បីរំឭកដល់ថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធខណៈថ្ងៃនេះជាថ្ងៃឈប់សម្រាកបុណ្យជាតិផ្លូវការនៅកម្ពុជា។
មន្ត្រីក្រសួងធម្មការនិងសាសនាបានអប់រំយុវជនយុវនារីឲ្យយល់ដឹងថា បុណ្យវិសាខបូជានេះ ជាបុណ្យបង្អោនចិត្តដោយសទ្ធាជ្រះថ្លា និងនាំគ្នាគោរពបដិបត្ដិបូជា ជាពិសេសគឺការអប់រំចិត្តរបស់ខ្លួនឯងឱ្យបានល្អដោយគោរពតាមឱវាទរបស់ព្រះពុទ្ធចំនួន៣គឺ ទីមួយមិនឱ្យធ្វើអំពើអាក្រក់ផ្សេងៗតាមកាយវិការចិត្ត ទីពីរធ្វើអំពើល្អឱ្យបានច្រើនតាមរយៈកាយវិការចិត្ត និងទីបីបុគ្គលគ្រប់រូបត្រូវសម្អាតចិត្តខ្លួនឯងឱ្យបានស្អាតផូរផង់។
អតីតព្រះធម្មវិជ្ជាជួនកក្តដា នាយកសាលាពុទ្ធិកវត្តប្រសាទនាងខ្មៅខេត្តតាកែវបានមានសង្ឃដីកាថា ពុទ្ធបរិស័ទអាចធ្វើសកម្មភាពក្នុងថ្ងៃបុណ្យវិសាខបូជា ដូចជាទៅវត្តអារាមដើម្បីសមាទានសីល រងាប់ចិត្តឲ្យស្ងប់ និងស្តាប់ព្រះធម៌ទេសនា។ ការដើរជុំវិញព្រះវិហារ ឬចេតិយ ៣ ជុំ ដើម្បីសម្តែងការគោរពដល់ព្រះរតនត្រ័យ។ ការបង្ហោះគោម និងការបំភ្លឺភ្លើងគឺជាតំណាងឱ្យការនាំយកពន្លឺបញ្ញាមកបំភ្លឺលោកដែលងងឹតដោយអវិជ្ជា។ ហេតុដូច្នេះហើយបុណ្យវិសាខបូជា គឺជាថ្ងៃដែលរំលឹកយើងឱ្យដើរតាមគន្លងធម៌ សេចក្តីល្អ និងការប្រើប្រាស់បញ្ញាដើម្បីដោះស្រាយបញ្ហាក្នុងជីវិត៕