ក្រុមហ៊ុនទេសចរណ៍កាហ្សក់ស្ថានប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកាហ្សក់ស្ថានមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Kürşad Bakır នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង និងលោក Fırat Çetin អគ្គនាយករងក្រុមហ៊ុន Selfie Travel មកពីទីក្រុង Shymkent នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

កិច្ចពិភាក្សានេះ ផ្តោតលើការជំរុញលំហូរភ្ញៀវទេសចរ និងវិនិយោគិនពីសាធារណរដ្ឋកាហ្សាក់ស្ថានមកកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសគឺការបង្កើនជើងហោះហើរតាមរដូវកាល ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរ។