ថៃនឹងចំណាយថវិកា ១ប៊ីលានដុល្លារអាម៉េរិកបន្ថែមទៀតដើម្បីជួយដល់កម្មករដែលរង​ផលប៉ះពាល់​ដោយសារជំងឺកូវីដ-១៩

គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១០ ខែសីហា បានអនុម័តកញ្ចប់ថវិកាជំនួយសង្គ្រោះមួយដែលមានតម្លៃ ៣៣,៤៧ប៊ីលានបាត (១ប៊ីលានដុល្លារអាម៉េរិក) ដើម្បីជួយដល់កម្មករចំនួន ៦,៦៩លាននាក់នៅខេត្តចំនួន ២៩ ដែលជា «តំបន់ក្រហមដិត» ដែលបានចុះបញ្ជីក្រោមផ្នែកទី៣៩ និងទី៤០ នៃច្បាប់សន្តិសុខសង្គម។

Banner Sidebar 1 – ទឹកលាងដៃ

ដូច្នេះ កម្មករដែលមានសិទ្ធិទទួលបានថវិកាសង្រ្គោះនេះនឹងទទួលបានប្រាក់ចំនួន ៥ ០០០បាត (១៥០ដុល្លារអាម៉េរិក) ក្នុងម្នាក់។

ថវិកានេះនឹងបានមកពីក្រឹត្យនៃប្រាក់កម្ចីថ្មីដែលមានចំនួន ៥០០ប៊ីលានបាត។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា វិធានការជួយសង្គ្រោះនេះនឹងមានរយៈពេលមួយ ឬពីរខែ សម្រាប់កម្មករនៅក្នុងក្រុមទី ១ នៃខេត្តចំនួន ១៣ ដែលជាតំបន់ពណ៌ក្រហមដិត និងរយៈពេលមួយខែសម្រាប់អ្នកដែលកំពុងធ្វើការនៅក្នុងខេត្តចំនួន ១៦ បន្ថែមទៀត។

នៅថ្ងៃដដែលនោះ គណៈរដ្ឋមន្រ្តីថៃក៏បានអនុម័តការគាំទ្រផ្នែកហិរញ្ញវត្ថុមួយបន្ថែមទៀតដែលមានចំនួន ១៤,៥ប៊ីលានបាត ដែលផ្តល់ជាចម្បងសម្រាប់បុគ្គលិកពេទ្យ ខណៈដែលប្រទេសនេះកំពុងតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ននេះ។ នៅក្នុងថវិកានោះ ទឹកប្រាក់ប្រមាណ ១២,៧ប៊ីលានបាតនឹងត្រូវផ្តល់ជូនដល់បុគ្គលិកពេទ្យ និងថវិកាដែលនៅសល់ចំនួន ១,៨៨ប៊ីលានបាត គឺសម្រាប់មន្រ្តីផ្សេងៗទៀតដែលគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងសហគមន៍។

វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍរបស់ប្រទេសថៃ (TDRI) បានព្យាករថា ចំនួនកម្មករគ្មានការងារធ្វើនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះនឹងកើនឡើងដល់មួយលាននាក់នៅចុងឆ្នាំនេះ ប្រសិនបើប្រទេសនេះនៅតែមិនអាចគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ បាន៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

ប្រភព៖​ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង