គណៈរដ្ឋមន្ត្រីថៃត្រៀមថវិកាជាង ៤ប៊ីលានដុល្លារអាម៉េរិកសម្រាប់ធានាតម្លៃអង្ករនៅឆ្នាំក្រោយ

គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានកំណត់ថវិកាជាង ១៤០ប៊ីលានបាត (ជាង ៤ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ការធានាតម្លៃអង្ករក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២។

Banner Sidebar 1 – ទឹកលាងដៃ

កាលពីខែសីហា រដ្ឋាភិបាលថៃបានអនុម័តជាគោលការណ៍ទៅលើការបន្តកម្មវិធីធានាតម្លៃអង្ករឆ្នាំ២០២១-២០២២ សម្រាប់ឆ្នាំទី៣ ជាប់ៗគ្នា ដោយសន្យាចំណាយថវិកាចំនួន ១៥២ប៊ីលានបាតចំពោះកម្មវិធីនេះ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចានអូចា បាននិយាយថា ថវិកាដែលត្រៀមទុកនេះមានចំនួនច្រើនពេក។ លោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធនានារៀបចំថវិកាសមស្របជាងនេះ រួចដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។

នៅក្នុងឆ្នាំនេះ ប្រទេសថៃរំពឹងថានឹងនាំចេញអង្ករបានប្រហែល ៦លានតោនស្របតាមគោលដៅ ព្រោះអ្នកនាំចេញបានទទួលការបញ្ជាទិញជាច្រើន។

ក្រសួងពាណិជ្ជកម្មបានរំពឹងថា ការនាំចេញអង្ករនឹងកើនឡើងនៅក្នុងត្រីមាសចុងក្រោយ ដែលភាគច្រើនត្រូវបានជំរុញដោយការធ្លាក់ចុះនៃប្រាក់បាត ការធ្វើឱ្យអង្ករថៃកាន់តែមានការប្រកួតប្រជែង និងការជំរុញឱ្យមានតម្រូវការពិភពលោកកាន់តែខ្ពស់។

ការនាំចេញអង្ករបានចាប់ផ្តើមប្រសើរឡើងនៅក្នុងខែមិថុនាដែលត្រូវបានជួយដោយការទិញកាន់តែច្រើនពីប្រទេសចិន ហ្វីលីពីន កាមេរូន ម៉ាឡេស៊ី ម៉ូសំប៊ិក និងសិង្ហបុរី។

ការនាំចេញអង្កររបស់ប្រទេសថៃបានកើនឡើងដល់ ៣,៨១លានតោនក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដោយមានការធ្លាក់ចុះ ៦,៦ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងតម្លៃនៃការនាំចេញចំនួន ២,២៣ប៊ីលានដុល្លារអាម៉េរិក។

ផលិតកម្មអង្កររបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងរដូវកាលប្រមូលផលនៃឆ្នាំ ២០២១-២០២២ ជាមួយនឹងផលិតកម្មអង្ករដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២០លានតោន ដោយកើនឡើងពីចំនួន ១៧លានតោននៅក្នុងរដូវកាលឆ្នាំ២០២០-២០២១។ នៅក្នុងឆ្នាំ២០២០ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះនាំចេញអង្ករបានតែ ៥,៧លានតោនប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង