ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ៥០លានយន់ដល់អាហ្វហ្គានីស្ថាន

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីនៅអាហ្វហ្គានីស្ថាន រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ៥០លានយន់ (ប្រហែល ៧,៤៦លានដុល្លារអាម៉េរិក) ដល់អាហ្វហ្គានីស្ថាន។

Banner Sidebar 1 – ទឹកលាងដៃ
Afghan people walk through the debris of damaged houses after the recent earthquake in Wor Kali village in the Barmal district of Paktika province, Afghanistan, June 25, 2022. REUTERS/Ali Khara

អ្នកនាំពាក្យ លោក វ៉ាង វិនប៊ីន បានធ្វើការកត់សម្គាល់ខាងលើនេះក្នុងការឆ្លើយតបទៅនឹងសំណួរស្តីពីវឌ្ឍនភាពនៃជំនួយមនុស្សធម៌បន្ទាន់របស់ចិនដល់អាហ្វហ្គានីស្ថាន។

គ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ លោក វ៉ាង បាននិយាយថា វាបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១ ៥០០នាក់ និងរបួសជាង ២ ០០០នាក់ ព្រមទាំងបានបំផ្លាញផ្ទះជាង ៣ ០០០ខ្នង។ ចំនួនអ្នកស្លាប់ និងរបួសនៅតែបន្តកើនឡើង។

លោកបាននិយាយថា ជំនួយដែលផ្តល់ដោយប្រទេសចិន នឹងរួមមានតង់ កន្សែង គ្រែបត់ និងសម្ភារៈផ្សេងៗទៀតដែលត្រូវការជាបន្ទាន់ដោយប្រជាជនអាហ្វហ្គានីស្ថាន។ ជំនួយដំបូងគេគ្រោងនឹងដឹកជញ្ជូនតាមជើងហោះហើរនៅថ្ងៃទី២៧ ខែមិថុនានេះ។

លោក វ៉ាង បាននិយាយថា នៅក្នុងជំហានបន្ទាប់ ប្រទេសចិននឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានដើម្បីធានាថា ការផ្គត់ផ្គង់ជំនួយត្រូវបានប្រគល់ជូនអ្នកដែលត្រូវការជំនួយឱ្យបានឆាប់តាមដែលអាចធ្វើបាន និងដើម្បីជួយដល់ប្រជាជនអាហ្វហ្គានីស្ថានចំពោះការលំបាកនាពេលបច្ចុប្បន្នរបស់ពួកគេ។

លោកបាននិយាយបន្ថែមថា «យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន និងដោយមានជំនួយពីសហគមន៍អន្តរជាតិ នោះប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់នឹងអាចយកឈ្នះទៅលើការវាយប្រហារនេះនៅដំណាក់កាលដំបូង ពន្លឿនការកសាងផ្ទះរបស់ពួកគេឡើងវិញ ហើយបន្តផលិតកម្ម និងជីវភាពរស់នៅធម្មតាឡើងវិញ»៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង