ស្ថានភាពទឹកជំនន់ស្ទឹងសែន ឡើងដល់កំពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្នកំរិតខ្ពស់

(កំពង់ធំ) ដោយមានការតាមដានពីស្ថានភាពទឹកជំនន់ស្ទឹងសែន តាមស្ថានីយវាស់កំពស់ទឹកស្ទឹងសែន ចំនួន ០៣កន្លែងរយៈពេល១០ថ្ងៃកន្លងមកពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ពិនិត្យឃើញថាកំពស់ទឹកស្ទឹងកើនឡើងជាលំដាប់ ដូចជា ៖ នៅស្ថានីយ ទំនប់ទឹករក្សាទឹកកើនកំពស់ ០,៨២ម នៅស្ថានីយស្រុកសណ្តាន់ ទឹកកើនឡើង ០,៦២ម និងនៅស្ថានីយកំពង់ធំ ទឹកកើនឡើង ០,៥០ម ។

Banner Sidebar 1 – ទឹកលាងដៃ

ហើយស្ថានភាពទឹកជំនន់ស្ទឹងសែន នៅតែបន្តការកើនឡើងទៀតនៅឡើយ ជាក់ស្តែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់នេះកំពស់ទឹកនៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែនកំពង់ធំ ឡើងដល់១៤,០០ម៉ែត្រហើយ ដែលជាកំពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្នកំរិតខ្ពស់ និងយោងតាមការចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងក្រុងស្ទឹងសែន ( ទីរួមខេត្តកំពង់ធំ ) ឃើញថា ៖ ផ្លូវគ្រួសក្រហម និងផ្លូវក្រាលកៅស៊ូមួយចំនួននៅឯជាយក្រុង ទឹកជំនន់បានឡើងជន់លិចនៅលើកំណាត់ផ្លូវខ្លះៗហើយ ហើយទឹកក៏ចាប់ផ្តើមហូរចូលក្នុងក្រុងជាបណ្តើរៗដែរ ( តាមលូ-ស្ពាននិងកាត់ផ្លូវ ) ដែលស្ថានភាព បែបនេះនឹងអាចជន់លិចក្រុងជាបណ្តើរៗ ។

ដោយឃើញបែបនេះមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានចេញលិខិតប្រកាសឲ្យមានការប្រុងប្រយ័ត្នកំរិតខ្ពស់នៅកំពស់ទឹកស្ទឹងសែនកំពង់ធំ ១៤,០០ម៉ែត្រសិន មុននឹងចេញលិខិតប្រកាសអាសន្ន ជាគ្រាចុងក្រោយនៅពេលដែលកំពស់ទឹកនៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែនកំពង់ធំឡើងដល់១៤,៣០ម៉ែត្រ ៕

ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទដែលជាប់ទាក់ទង