កំពុងមានអ្នកអន្តរាគមន៍ ! ប៉េអឹមចាប់ខ្លួនស្ត្រីអ្នកជំនួញ ពេជ្រ ស្រីមុំ ករណីឆបោកលុយរាប់លានដុល្លារ

ភ្នំពេញៈ ស្ត្រីអ្នកជំនួញហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់ អស់លុយរាប់លានដុល្លារអាមេរិក ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២២។


មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីជំនួញរូបស្រស់ ពេជ្រ ស្រីមុំ បានធ្វើឡើងតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ដែលការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។

ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីនេះ ស្ត្រីអ្នកជំនួញហាយសូរ ពេជ្រ ស្រីមុំ នៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។

បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន គឺមានអស់លោកអ្នកមានឥទ្ធិពលមួយចំនួនបានខ្វែងដៃខ្វែងជើងដើម្បីជួយអន្តរាគមន៍ស្វែងរកការដោះលែងអ្នកជំនួញហាយសូរ ពេជ្រ ស្រីមុំ។ ប៉ុន្តែលើកនេះ ទំនងជាមិនអាចទៅរួចទេ។

សូមជម្រាបថា អ្នកជំនួញហាយសូរ ពេជ្រ ស្រីមុំ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែដោយសារមានអ្នកមានឥទ្ធិពល និងទឹកលុយ អន្តរាគមន៍រត់កការដោះលែងបាននៅក្រៅឃុំ និងដើរបិទបណ្តាញសារព័ត៌មានធំៗមួយចំនួនផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក ពេជ្រ ស្រីមុំ នៅចំណុចមុខអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ជិត ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។ ប៉ុន្តែដោយសារមានអ្នកមានឥទ្ធិពល និងទឹកលុយ អន្តរាគមន៍រត់កការដោះលែងបាននៅក្រៅឃុំ និងដើរបិទបណ្តាញសារព័ត៌មានធំៗមួយចំនួនផងដែរ៕

ប្រភព៖ cen.com.kh

Banner Sidebar 1 – ទឹកលាងដៃ
អត្ថបទដែលជាប់ទាក់ទង