បញ្ជីឈ្មោះផ្លូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ មានចំនួនជិត១០លាននាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានផ្ដល់សុពលភាពនិងប្រកាសផ្សាយឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួនជិត១០លាននាក់។

Banner Sidebar 1 – ទឹកលាងដៃ

ឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២២ ចំនួន ៩ ៧១០ ៦៤៥នាក់ ស្មើនឹង ៨៩.២៨%លើចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ក្នុងនោះស្ត្រីមានចំនួន ៥ ១៦១ ៩០៦នាក់។ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប បានបញ្ជាក់ថា បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២ តាមឃុំ សង្កាត់នីមួយៗ គឺជាបញ្ជីឈ្មោះដែលត្រូវបាន គ.ជ.ប សម្រេចឱ្យលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដោយសារមូលហេតុដូចជា ស្លាប់ ដកសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ផ្លាស់ទីលំនៅចេញពីឃុំ សង្កាត់ មានឈ្មោះស្ទួន ឬ/និងខ្វះលក្ខខណ្ឌច្បាប់។ ក្នុងឆ្នាំ២០២២នេះ ចំនួនឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស សរុបមាន ២៧១ ១៤២នាក់។

ចំពោះការបិទផ្សាយ និងការផ្សព្វផ្សាយបញ្ជី នៅក្រោយពេល គ.ជ.ប ពិនិត្យសម្រេចលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នាយកដ្ឋាន គ.ទ.ប បានបោះពុម្ពបញ្ជីទាំងពីរនេះសម្រាប់ កបឃ.ស បិទផ្សាយ ១ច្បាប់ នៅសាលាឃុំ សង្កាត់ ១ច្បាប់ នៅទីតាំងណាមួយក្នុងឃុំសង្កាត់ និងជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងតាមការកំណត់របស់ គ.ជ.ប។

បញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២២ រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ត្រូវបាន កបឃ.ស បិទផ្សាយកាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០២៣។ ការបិទផ្សាយបញ្ជី ទាំងពីរខាងលើនេះ ព្រមទាំងការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ គ.ជ.ប voterlist.nec.gov.kh និងការដាក់ឱ្យប្រើប្រាស់ Application ដែលមានឈ្មោះ NEC KH ដោយប្រើទូរស័ព្ទដៃវៃឆ្លាត គឺដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យមើលឈ្មោះខ្លួនឱ្យប្រាកដថាត្រឹមត្រូវ ព្រមទាំងអាចប្ដឹងតវ៉ាចំពោះការបាត់ឈ្មោះ ឬខុសឈ្មោះ និងទិន្នន័យ ឬត្រូវបានលុបឈ្មោះមិនត្រឹមត្រូវ និងអាចប្តឹងជំទាស់សុំឱ្យលុបឈោ្មះ ចំពោះការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌច្បាប់ ឬការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងច្រើនជាងមួយកន្លែង (ឈ្មោះស្ទួន)។

ការប្តឹងតវ៉ា និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង ត្រូវធ្វើនៅក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាសមត្ថកិច្ចដោះស្រាយបណ្ដឹងថ្នាក់ដំបូងក្នុងរយៈពេល ១០ថ្ងៃ យ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ក្នុងករណីអ្នកប្ដឹងមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ គាត់អាចប្ដឹងបន្តតាមឋានានុក្រមទៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញតាមការកំណត់នៃច្បាប់៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង