ចិននៅតែបន្តរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ទោះស្ថានការណ៍ពិភពលោកប្រែប្រួល

ភ្នំពេញថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ – ប្រធានការិយាល័យកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនិស្តចិន (CCP) និងជាសមាជិកនៃការិយាល័យនយោបាយ CCP លោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) នៅទីក្រុងមូស្គូកាលពីថ្ងៃពុធថា ប្រទេសចិននៅតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយរុស្ស៊ី ចំពេលដែលស្ថានការណ៍នៅក្នុងពិភពលោកកំពុងមានការប្រែប្រួល។

Banner Sidebar 1 – ទឹកលាងដៃ

លោកបាននិយាយថា «មិនថាស្ថានភាពអន្តរជាតិអាចផ្លាស់ប្តូរយ៉ាងណានោះទេ តែប្រទេសចិននៅតែប្តេជ្ញាក្នុងការរក្សានិន្នាការវិជ្ជមានក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយរុស្ស៊ី»។ លោក វ៉ាង បាននិយាយបន្ថែមថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងរុស្ស៊ី និងចិន។

លោកបាននិយាយថា «សូមអរគុណចំពោះគោលការណ៍ណែនាំយុទ្ធសាស្ត្រដែលកំណត់ដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ចំពោះទំនាក់ទំនងរវាងចិន-រុស្ស៊ីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី»។

លោក វ៉ាង បានបញ្ជាក់ថា «យើងតែងតែប្តេជ្ញាចិត្តចំពោះពហុភាគី និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពឯកតោភាគី និងអនុត្តរភាព។ យើងតែងតែស្វែងរកផ្លូវអភិវឌ្ឍសម្រាប់ប្រទេសរបស់យើងអនុវត្តតាមលក្ខណៈជាតិ ក៏ដូចជាកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខនៃការអភិវឌ្ឍរបស់យើង។ យើងក៏តែងតែទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងចិន និងរុស្ស៊ីផងដែរ»៕ (ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង