សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាគ្រូបង្វឹកកិត្តិយស នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតមិត្តភាព​សប្បុរសធម៌ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញ​ដឹកនាំ​ក្រុម​បាល់ទាត់​តារា​កម្ពុជា(Cambodia football super stars) ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាព​សប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បី​ប្រមូល​ថវិកា​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

Banner Sidebar 1 – ទឹកលាងដៃ

សម្ដេចតេជោ បានមានប្រសាសន៍តាមរយៈសារនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤នេះ ក្នុងឱកាសសម្ដេចត្រូវបានទទួលនូវការអញ្ជើញឲ្យធ្វើជា​គ្រូបង្វឹកកិត្តិយសរបស់​ក្រុម​បាល់​ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធាន​ក្រុម។

ហើយនៅព្រឹកនេះសម្ដេចបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ​ទាំងអស់​ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់ក្រុមបាល់​ទាត់មួយនេះ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំ​ការ​ប្រកួត​បាល់​ទាត់​នាល្ងា​ចថ្ងៃ១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ «រួមគ្នាដើម្បី​សប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រម៉ូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សម្ដេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹក​ផ្លូវការ​នៅ​ស្តាត​អូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់សម្ដេចគឺ ៣.៤.៣. ។

សម្ដេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណៈចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បី​ជំរុញ​ចលនា​មនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវសប្បុរសជន​ចូលរួម​ជួយ​ថវិកា​សម្រាប់​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

សម្ដេចតេជោ​បញ្ជាក់ថា សម្រាប់សម្ដេច និងភរិយានឹងចូលរួមថវិកាចំនួន ២០០ លានរៀល ហើយ​ក្នុង​ករណីបងប្អូនចង់ចូលរួមតាមរយៈសម្ដេច សូមទាក់ទងទៅ ឯកឧត្តម សៀង ទៀង ដែល​មាន​លេខទូរស័ព្ទ០១២ ៩៦១៩៧១៕

អត្ថបទដែលជាប់ទាក់ទង