ប្រមុខរដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋខិតខំថែរក្សាសន្តិភាព ដើម្បីទប់ស្កាត់របបប្រល័យពូជសាស្ត្រ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ជនរងគ្រោះខ្មែរស្លូតត្រង់ប្រមាណ ជាង១,៧លាននាក់ បានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌។


នៅក្នុងសារលិខិតសម្តេចមហាបវរធិបតី ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅព្រៃផ្សៃនេះ កើតមានសាជាថ្មីនៅលើទឹកដីសុវណ្ណភូមិរបស់យើង។

ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេសជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពល និងសកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាខួបទី៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ដោយមុនឆ្នាំ២០១៨ មានឈ្មោះថា «ទិវាចងកំហឹង» ចំពោះរបបប៉ុលពតដែលបានសម្លាប់មនុស្សដោយគ្មានការកាត់សេចក្តី។
រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានជួយរកយុត្តិធម៌ជួយប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានពួកខ្មែរក្រហមកាប់សម្លាប់យ៉ាងសាហាវឃោរឃៅ តាមរយៈការបង្កើតសាលាក្តីខ្មែរក្រហម ដើម្បីនាំយកមេដឹកនាំរបស់របបកម្ពុជា ប្រជាធិបតេយ្យ មកកាត់ទោស ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។
ឯកឧត្តម នេត្រ ភក្ត្រា អតីតអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្មីៗនេះបានលើកទឹកចិត្តដល់ចាស់ទុំដែលឆ្លងកាត់ជីវិតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ជួយចែករំលែកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងរឿងរ៉ាវដែលបានជួបប្រទះដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្នុងអំឡុងនៃរបបខ្មែរក្រហម និងការឆ្លងកាត់ជីវិតក្នុងភ្នក់ភ្លើងសង្គ្រាមដើម្បីការចងចាំ និងជៀសវាងជាន់ដានអតីតកាល៕