សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1
(ភ្នំពេញ)៖នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួននៅលើសកលលោក មានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមាន សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ។

វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្ត ចេញពីពូជអូមីក្រុង ខ្សែស្រឡាយ JN.1។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែននៅលើសកលលោក ជាពិសេស
នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។ បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បញ្ជាក់ថា
វីរុស NB.1.8.1បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ/ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង
ដែលបានចរាចរពីមុននោះទេ។
ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីដើមឆ្នាំ២០២៦ មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោម
អ្នកជំងឺដែលកមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចដែលបានផ្សាយជូនក្នុងប្រព័ន្ធរាយការណ៍ ផ្លូវការ
របស់ក្រសួងសុខាភិបាល។

