និយ័តករមូលបត្រកម្ពុជា សហការជាមួយដៃគូអន្តរជាតិ បើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ»

នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាសហប្រធានក្រុមការងារអក្ខរកម្មហិរញ្ញវត្ថុ និងការកសាងសមត្ថភាព (FLCB-WG) នៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) រួមជាមួយនឹងគណៈកម្មការមូលបត្ររដ្ឋវៀតណាម (SSC) ដោយមានកិច្ចគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការជាមួយមជ្ឈមណ្ឌលតូរ៉ុនតូ (TC) បើកវគ្គបណ្តុះបណ្តាលសម្រាប់និយ័តករទីផ្សារមូលបត្រអាស៊ាន ស្តីពី “ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ” នៅសណ្ឋាគារ Tribe Phnom Penh Post Office Square ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លោក Ha Duy Tung អនុប្រធាន SSC លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា និងលោក Babak Abbaszadeh នាយកប្រតិបត្តិ និងជាប្រធាន នៃ TC។

Banner Sidebar 1 – ទឹកលាងដៃ

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការយល់ដឹង និងចំណេះដឹងរបស់អ្នកចូលរួម ព្រមទាំងទស្សនៈជាក់ស្តែងទៅលើ៖ ការវិភាគអំពីផលប៉ះពាល់ដើម្បីបែងចែករវាងស្ថាប័នហិរញ្ញវត្ថុធំ និងតូច សម្រាប់កំណត់កម្រិតនៃការត្រួតពិនិត្យ និងការបែងចែកធនធានត្រួតពិនិត្យនៅក្នុងវិស័យមូលបត្រ, ទស្សនាទានសំខាន់ៗ គោលការណ៍ និងអភិក្រមទូទៅសម្រាប់ការអនុវត្ត RBS ប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យមូលបត្រ និងផលប៉ះពាល់នៃការត្រួតពិនិត្យ និងបញ្ហាពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុឌីជីថល បញ្ញាសិប្បនិម្មិត និងបទល្មើសហិរញ្ញវត្ថុ ក្នុងការវាយតម្លៃហានិភ័យដែលមានស្រាប់ ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចនៅក្នុងក្របខ័ណ្ឌ RBS។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖”ការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ (RBS) មិនត្រឹមតែជាវិធីសាស្ត្របច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នត់គំនិតដែលមានចក្ខុវិស័យវែងឆ្ងាយ ដែលនឹងជួយលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់មន្ត្រីនិយ័តករនៅទូទាំងតំបន់អាស៊ាន។ តាមរយៈការបង្កើនសមត្ថភាពក្នុងការកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យថ្មីៗដែលកំពុងកើតឡើងជាមុន RBS ធ្វើឱ្យការត្រួតពិនិត្យមានប្រសិទ្ធភាព និងសមស្របទៅនឹងកម្រិតហានិភ័យ។ សំខាន់ជាងនេះទៅទៀត ការបណ្តុះបណ្តាលថ្នាក់តំបន់នេះ រួមចំណែកដោយផ្ទាល់ក្នុងការសម្រេចបាននូវអាទិភាពយុទ្ធសាស្ត្រស្តីពី ការកសាងសមត្ថភាព ដែលបានកំណត់នៅក្នុងផែនការសកម្មភាព ACMF ឆ្នាំ២០២៦-២០៣០ ព្រមទាំងពង្រឹងការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការកសាងទីផ្សារមូលបត្រអាស៊ានមួយដែលប្រកបដោយភាពធន់ និងត្រៀមខ្លួនរួចរាល់សម្រាប់ពេលអនាគត” ។

ជាមួយគ្នានេះ លោក Ha Duy Tung បានបញ្ជាក់ថា៖ ”យើងត្រូវផ្តោតសំខាន់លើពេលវេលា និងធនធានរបស់យើងដែលមានឥទ្ធិពលសំខាន់បំផុតសម្រាប់វិនិយោគិន និងសម្រាប់ទីផ្សារ ដែលនេះគឺជាស្មារតីនៃការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ”។

ទន្ទឹមនឹងនេះ លោកស្រី Yasmin Siddiqi បានលើកឡើងថា៖”ការអភិវឌ្ឍទីផ្សារមូលបត្រអាស៊ានក្នុងការកៀរគរមូលធនពីវិស័យឯកជនសម្រាប់កំណើនប្រកបដោយចីរភាព និងបរិយាបន្ន គឺជាអាទិភាពស្នូលមួយរបស់យើងនៅក្នុងវិស័យហិរញ្ញវត្ថុ ហើយការបង្កើនសមត្ថភាពត្រួតពិនិត្យ គឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចគោលដៅនោះ” ។

បន្ថែមពីនេះ លោក Babak Abbaszadeh បានគូសបញ្ជាក់ថា៖”ការត្រួតពិនិត្យដ៏រឹងមាំ និងសកម្មដោយផ្អែកលើហានិភ័យ គឺជាយន្តការការពារដ៏ល្អបំផុតមួយរបស់យើងទប់ទល់នឹងអស្ថិរភាពហិរញ្ញវត្ថុ និងការឆ្លងរាលដាលនៃវិបត្តិ ហើយនៅក្នុងទីផ្សារដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងនេះ ត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹងរវាងស្ថាប័នត្រួតពិនិត្យ”។

វគ្គបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦ នេះ មានសមាសភាពចូលរួមមកពីសមាជិក ACMF ទាំងអស់ រួមមាន៖ ព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឡាវ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងវៀតណាម ចំនួន ៣៩ រូប។ ដោយមានការដឹកនាំពីអ្នកជំនាញមកពី TC កម្មវិធីនេះ ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការចែករំលែកបទពិសោធជាក់ស្តែង, ពង្រឹងការអនុវត្ត RBS និងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិយ័តករទីផ្សារមូលបត្រអាស៊ាន។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង