ឯកឧត្តម កែ សុវណ្ណ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដីនិងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។

ការឆ្លើយតបជាមួយភាគីថៃនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំលើកទី៧៧នៃគណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ។
មន្ត្រីជាន់ខ្ពស់ខាងលើ បានអះអាងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានបាញ់ប្រហារលើទីតាំងយោធាកម្ពុជាបណ្ដាលឱ្យទាហានកម្ពុជាមួយរូបស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍នោះមកភាពតានតឹងមានការកើនឡើង។
តំណាងកម្ពុជារូបនេះ ក៏បានលើកឡើងពីជនភៀសសឹកកម្ពុជាបច្ចុប្បន្នត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជាដោយសារជម្លោះព្រំដែនរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះពោលគឺនៅក្នុងឆ្នាំ២០២៥ ជាពិសេសគឺដោយសារការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ៕

