រាគគឺជាជំងឺដែរទេ?

មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានអាការៈរាគរូសទាំងអស់។ ប៉ុន្តែករណីដែលវាជាជំងឺវិញគឺថា វានឹងធ្វើអោយអ្នកចូលបត់ជើងក្នុងបង្គន់ញឹកញាប់ ហើយលាមកមានចំនួនច្រើន ដែលវាមានស្ថានភាពជាលាមកទន់, ទឹក និងឧស្សាហ៍ជុះជាងធម្មតា។

Banner Sidebar 1 – ទឹកលាងដៃ

ករណីភាគច្រើន រោគសញ្ញានៃការរាគច្រើនតែបាត់ទៅវិញក្នុងរយៈពេលពីរថ្ងៃ។ ប៉ុន្តែមានពេលខ្លះ វាក៏អាចយូរដល់ ច្រើនសប្តាហ៍ដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ ជំងឺរាគអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដូចជា ជំងឺរលាកពោះវៀន ឬជំងឺដែលមិនសូវធ្ងន់ធ្ងរដូចជាចង្ករោគរោគសញ្ញានៃការរលាកពោះវៀន។

រោគសញ្ញា
  • ឧស្សាហ៍ជុះ, លាមកទន់, លាមកសុទ្ធតែទឹក
  • ឈឺពោះបែបរមួល
  • ឈឺក្នុងពោះ
  • ក្តៅខ្លួន
  • មានឈាមតាមលាមក
  • ហើមពោះ

បើសិនជាអ្នកជាមនុស្សពេញវ័យ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជា៖

  • អាការៈរាគចេះតែបន្តយូរជាង ២ថ្ងៃ
  • ទៅជាខ្សោះជាតិទឹកដែលមានរោគសញ្ញាដូចជា ស្រេកទឹកខ្លាំង, ស្ងួតមាត់ ឬស្បែក, នោមតិច ឬគ្មានទឹកនោម, អស់កម្លាំងធ្ងន់ធ្ងរ, វិលមុខ ឬឈឺក្បាល ឬទឹកនោមឡើងពណ៌ខ្លាំង។​
  • ឈឺពោះ ឬរន្ធគូថខ្លាំងក្លា
  • លាមកខ្មៅ ឬមានឈាម
  • ក្តៅខ្លួនលើសពី ៣៩អង្សាសេ

ចំពោះកូនក្មេង ជាពិសេសក្មេងតូចៗ អាការៈរាគអាចនឹងឆាប់ធ្វើអោយខ្សោះជាតិទឹកខ្លាំងណាស់។ ដូច្នេះអ្នកគួរតែនាំគេទៅអោយពេទ្យពិនិត្យបើសិនជាការរាគនោះមិនធូរស្បើយក្នុងរយៈពេល ២៤ម៉ោង ឬ៖

  • ខោទឹកនោមមិនសើមទឹកនោមរយៈពេលចាប់ពី ៣ម៉ោងឡើងទៅ
  • ក្តៅខ្លួនលើសពី ៣៩អង្សាសេរ
  • លាមកខ្មៅ ឬឈាម
  • ស្ងួតមាត់ ឬយំគ្មានទឹកភ្នែក
  • ងងុយដេក, សន្លឹម, មិនឆ្លើយតប ឬកាចខុសពីធម្មតា
  • ពោះ, ភ្នែក ឬថ្ពាល់រូមខូង
  • ស្បែកយារ
មូលហេតុ

អាការៈរាគកើតឡើងនៅពេលអាហារ និងទឹកដែលអ្នកទទួលទានឆ្លងចូលក្នុងពោះវៀនធំលឿនពេក។ ជាធម្មតាពោះវៀនធំមាននាទីបឺតស្រូបជាតិទឹកចេញពីអាហារដែលអ្នកញ៉ាំ ដើម្បីបន្សល់ទុកជាដុំលាមកបញ្ចេញមកក្រៅវិញ។ ប៉ុន្តែបើសិនជាជាតិទឹកដែលបានមកពីអាហារដែលអ្នកញ៉ាំមិនបានបឺតស្រូបទេ វានឹងអោយលទ្ធផលជាការរាគសុទ្ធតែទឹកតែម្តង។

មានជំងឺមួយចំនួនអាចធ្វើអោយរាគបាន ហើយមូលហេតុដែលនាំអោយរាគញឹកញាប់ជាងគេនោះមានដូចជា៖

  • វីរុស៖ វីរុសដែលអាចធ្វើអោយរាគបានមានដូចជា Norwalk virus, Cytomegalovirus និងវីរុសបង្កជំងឺរលាកថ្លើម។ ចំពោះវីរុស Rotavirus វិញច្រើនតែធ្វើអោយក្មេងរាគញឹកញាប់ជាងគេ។
  • បាក់តេរី និងប៉ារ៉ាសិត៖ អាហារ ឬទឹកដែលមានមេរោគអាចចម្លងបាក់តេរី និងប៉ារ៉ាសិតទៅក្នុងរាងកាយអ្នកបាន។ ប៉ារ៉ាសិតដូចជា Giardia Lamblia និង Cryptosporidium សុទ្ធតែអាចធ្វើអោយរាគបានទាំងអស់។ ចំណែកឯបាក់តេរីដែលធ្វើអោយរាគញឹកញាប់ជាងគេនោះមានដូចជា Campylobacter, Salmonella, Shigella និង Escherichia Coli។ រាគដែលបណ្តាលមកពីបាក់តេរី និងប៉ារ៉ាសិតអាចកើតមានជាញឹកញាប់នៅពេលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឈន៍។
  • ថ្នាំ៖ ការប្រើប្រាស់ថ្នាំក៏អាចធ្វើអោយរាគបានដែរ។ ថ្នាំដែលធ្វើអោយរាគច្រើនបំផុតនោះគឺជាថ្នាំផ្សះ ព្រោះវាទៅបំផ្លាញ ឬសម្លាប់ទាំងបាក់តេរីល្អ និងអាក្រក់ ដែលជាហេតុនាំអោយរំខានដល់តុល្យភាពធម្មជាតិរបស់បាក់តេរីល្អៗក្នុងពោះវៀន។ ការរំខាននេះមានពេលខ្លះក៏នាំអោយមានការបង្ករោគដោយបាក់តេរី Clostridium Difficile ដែលធ្វើអោយរាគថែមទៀត។
  • មិនអាចទទួលយកសារធាតុ Lactose បាន៖ ជាតិ Lactose គឺជាជាតិស្ករមួយប្រភេទដែលមានក្នុងទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ។ មានមនុស្សជាច្រើនដែលមានការពិបាករំលាយជាតិ Lactose នេះ ហើយធ្លាប់ជួបបញ្ហារាគក្រោយពីទទួលទានផលិតផលដែលធ្វើពីទឹកដោះគោ។ រាងកាយរបស់អ្នកនឹងបង្កើតជាអង់ស៊ីមមួយសម្រាប់ជួយរំលាយជាតិ Lactose ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមានចំនួនអង់ស៊ីមនេះថយចុះយ៉ាងលឿនក្រោយពីឈានដល់អាយុពេញវ័យ។ រឿងនេះនឹងធ្វើអោយប្រឈមនឹងអាការៈមិនអាចទទួលយកសារធាតុ Lactose កាន់តែខ្លាំងនៅពេលអាយុកាន់តែច្រើន។
  • ជាតិ Fructose៖ ជាតិ Fructose គឺជាជាតិស្ករមួយប្រភេទដែលមានពីធម្មជាតិក្នុងផ្លែឈើ និងទឹកឃ្មុំសម្រាប់យកទៅបន្ថែមជាជាតិផ្អែមលើភេសជ្ជៈមួយចំនួន ប៉ុន្តែវាក៏បណ្តាលអោយរាគលើអ្នកដែលមានបញ្ហាក្នុងការរំលាយអាហារផងដែរ។
  • ជាតិស្ករសម្បនិមិត្ត៖ ជាតិស្ករសម្បនិមិត្តដូចជា Sorbitol និង Mannitol ត្រូវបានគេរកខើញក្នុងស្ករកៅស៊ូ និងផលិតផលផ្សេងៗទៀតដែលគ្មានជាតិស្ករ ប៉ុន្តែអាចបណ្តាលអោយរាគលើអ្នកដែលមានសុខភាពល្អដែរ។
  • ការវះកាត់៖ អ្នកខ្លះប្រហែលជាធ្លាប់ជួយបញ្ហារាគក្រោយពីធ្វើការវះកាត់ក្នុងពោះ ឬកាត់ថត់ទឹកប្រមាត់ចោល។
  • បញ្ហានៃការរំលាយអាហារផ្សេងៗទៀត៖ ជំងឺរាគរ៉ាំរ៉ៃមានមូលហេតុផ្សេងៗទៀតជាច្រើនដូចជា Crohn’s Disease, Ulcerative Colitis, Celiac Disease, Microscopic Colitis និង Irritable Bowel Syndrome។
តេស្ត និងការកំណត់រោគវិនិច្ឆ័យ

តេស្តដើម្បីកំណត់ថាអាការៈរាគបង្កឡើងដោយមូលហេតុអ្វីនោះមានដូចជា៖

  • ការពិនិត្យលើរាងកាយ៖ អ្នកនឹងត្រូវគ្រូពេទ្យវាស់កម្តៅថាតើមានបញ្ហាក្តៅខ្លួនឬអត់។ សម្ពាធឈាម និងជីពចរក៏ត្រូវយកដែរដើម្បីរកមើលសញ្ញានៃការខ្សោះជាតិទឹក។ គ្រូពេទ្យប្រហែលជាពិនិត្យទៅលើពោះថាតើមានការឈឺពោះឬអត់។
  • រំលឹកដល់ការប្រើថ្នាំរបស់អ្នក៖ គ្រូពេទ្យប្រហែលជាសួរអំពីការប្រើថ្នាំគ្រប់ប្រភេទរបស់អ្នក។ ជាមួយគ្នានេះដែរ អ្នកក៏គួរតែប្រាប់គ្រូពេទ្យអំពីថ្នាំបំប៉នគ្រប់ប្រភេទដែលអ្នកកំពុងតែប្រើប្រាស់។
  • តេស្តឈាម៖ តេស្តរាប់គ្រាប់ឈាមប្រហែលជាជួយកំណត់បានថាអាការៈរាគរបស់អ្នកបង្កឡើងដោយសារមូលហេតុអ្វីបាន។
  • តេស្តលាមក៖ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកធ្វើតេស្តលាមកដើម្បីកំណត់ថាការរាគនោះបណ្តាលមកពីបាក់តេរី ឬប៉ារ៉ាសិត។
ការព្យាបាល

ករណីអាការៈរាគភាគច្រើនវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរថ្ងៃដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ បើសិនជាអ្នកធ្លាប់សាកល្បងផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងហើយនៅតែមិនបានទទួលជោគជ័យទៀតនោះ គ្រូពេទ្យប្រហែលជាណែនាអោយប្រើថ្នាំ ឬការព្យាបាលផ្សេងៗជាមិនខាន។

ថ្នាំផ្សះ

ថ្នាំផ្សះប្រហែលជាអាចជួយព្យាបាលអការៈរាគដែលបណ្តាលមកពីបាក់តេរី ឬប៉ារ៉ាសិតបាន។ បើសិនបង្កឡើងដោយវីរុស ការប្រើថ្នាំផ្សះនឹងមិនអាចជួយអ្វីបានឡើយ។

ការព្យាបាលដោយបង្រ្គប់ជាតិទឹកដែលបាត់បង់

គ្រូពេទ្យទំនងជាណែនាំអោយអ្នកធ្វើការបង្គ្រប់ជាតិទឹក និងជាតិអំបិលដែលបាត់បង់ក្នុងពេលរាគជាមិនខានទេ។ ភាគច្រើន ការបង្គ្រប់ជាតិទឹកមានន័យថាជាការទទួលទានទឹក, ទឹកផ្លែឈោះ ឬទឹកស៊ុប។ បើសិនជាការទទួលទានទឹកធ្វើអោយអ្នកឈឺក្រពះ ឬរាគទៀតនោះ គ្រូពេទ្យនឹងបញ្ចុះជាតិទឹកតាមសេរ៉ូមវិញ។

ទឹកធម្មតាគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបង្គ្រប់ជាតិដែលបាត់បង់ ប៉ុន្តែវាមិនមានជាតិប្រៃ និងអេឡិចត្រូលីត្រដែលអ្នកត្រូវការដើម្បីរក្សាការលោតរបស់បេះដូងឡើយ។ ការកង្វះកម្រិតជាតិទឹក និងជាតិរ៉ែក្នុងខ្លួននឹងធ្វើអោយមានអតុល្យភាពអេឡិចត្រូលីត្រ ដូច្នេះវានឹងបង្កទៅជាបញ្ហាធ្ងន់ធ្ងរជាមិនខាន។ អ្នកអាចរក្សាកម្រិតអេឡិចត្រូលីត្របានតាមរយៈការទទួលទានទឹកផ្លែឈើច្របាច់ដែលមានជាតិប៉ូតាស្យូមច្រើន ឬញ៉ាំស៊ុបដែលមានជាតិសូដ្យូម។

ផ្លាស់ប្តូរថ្នាំដែលអ្នកកំពុងតែប្រើប្រាស់

បើសិនជាគ្រូពេទ្យកំណត់ថាការប្រើថ្នាំផ្សះធ្វើអោយអ្នកមានអាការៈរាគ គ្រូពេទ្យប្រហែលជាផ្លាស់ប្តូរបៀបព្យាបាលតាមរយៈការបន្ថយកម្រិតប្រើប្រាស់ ឬផ្លាស់ប្តូរថ្នាំណាផ្សេងមួយទៀត។

ការព្យាបាលមូលហេតុ

បើសិនជាអាការៈរាគរបស់អ្នកបង្កឡើងដោយជំងឺធ្ងន់ធ្ងរណាមួយដូចជា ជំងឺរលាកពោះវៀន គ្រូពេទ្យនឹងប្រើថ្នាំដើម្បីគ្រប់គ្រងជំងឺនោះ។ អ្នកក៏ប្រហែលជាត្រូវបញ្ជូនអោយទៅពិគ្រោះជាមួយអ្នកជំនាញបន្ថែមទៀតជាពិសេស អ្នកជំនាញខាងក្រពះពោះវៀន ដែលអាចជួយផ្តល់ដំបូន្មានសម្រាប់គម្រោងនៃការព្យាបាលដល់អ្នកបាន។

របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង

អាការៈរាគភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ។ ដើម្បីជួយបំបាត់រោគសញ្ញាអ្នកគួរតែសាកល្បងដូចខាងក្រោមនេះ៖

  • ផឹកទឹកអោយបានច្រើនដូចជា ទឹកធម្មតា, ទឹកស៊ុប និងទឹកផ្លែឈើរាល់ថ្ងៃ។ ចៀសវាងការភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង។
  • បន្ថែមអាហាររឹងនិងមានជាតិសរសៃបន្តិចម្តងៗនៅពេលលាមករឹងមកវិញ។ ចូរញ៉ាំស៊ុត បាយ ឬសាច់មាន់។
  • ចៀសវាអាហារដូចជា ផលិតផលធ្វើបិទឹកដោះគោ, អាហារសម្បូរជាតិខ្លាញ់, អាហារសម្បូរជាតិសរសរយៈពេលពីរបីថ្ងៃ។
  • ប្រើថ្នាំបំបាត់ការរាគ៖ ថ្នាំបំបាត់ការរាគដែលមិនចាំបាច់មានវេជ្ជបញ្ជាដូចជា Loperamide (Imodium A-D) និង Bismuth Subsalicylate (Pepto-Bismol) ប្រហែលជាជួយបន្ថយចំនួននៃការរាគបាន។ ប៉ុន្តែចំពោះការរាគដែលបណ្តាលមកពីការបង្ករោគដោយបាក់តេរី ឬប៉ារ៉ាសិតប្រហែលជាកាន់តែធ្ងន់ធ្ងរទៅវិញទេនៅពេលប្រើថ្នាំប្រភេទនេះ ព្រោះវាមិនអាចព្យាបាលអាការៈរាគបានឡើយ។ ជាមួយគ្នានេះដែរ ថ្នាំទាំងនេះមិនមានសុវត្ថិភាពសម្រាប់កូនក្មេងឡើយ។
  • ប្រើថ្នាំ ប្រូបាយអូទិច៖ ប្រូបាយអូទិចផ្ទុកទៅដោយបាក់តេរីមានជីវិតដែលមានលក្ខណៈស្រដៀងគ្នានឹងបាក់តេរីផ្តល់សុខភាពធម្មតាក្នុងប្រព័ន្ធរំលាយអាហារដែរ។ ប្រូបាយអូទិចប្រហែលជាជួយបង្កើនចំនួនបាក់តេរីល្អៗក្នុងពោះវៀនដើម្បីប្រឆាំងនឹងមេរោគក្នុងពោះវៀនដែរ។ ថ្នាំបំប៉នប្រូបាយអូទិចក៏អាចប្រើប្រាស់បានដែរ។
ការបង្ការ

ការបង្ការការរាគដោយសារវីរុស

  • ឧស្សាហ៍លាងដៃ៖ ចូរលាងដៃមុនពេល និងក្រោយពេលរៀបចំចំណីអាហារ។ ចូរលាងដៃក្រោយពីកាន់សាច់មិនទាន់ឆ្អិន, ចេញពីបង្គន់, ផ្លាស់ប្តូរខោទឹកនោមកូន, ក្រដាស, ក្អក និងហីសសម្បោរ។
  • លាងដៃនឹងសាប៊ូនអោយបានយ៉ាងហោចណាស់ ២០វិនាទី៖ ក្រោយពីដាក់សាប៊ូលើដៃរួច ចូរដុះលាងដៃរបស់អ្នកជាមួយគ្នាអោយបានយ៉ាងហោចណាស់ ២០វិនាទី។
  • ប្រើទឹកលាងដៃពិសេសនៅពេលមិនអាចប្រើទឹកធម្មតាបាន៖ ចូរប្រើទឹកលាងសម្អាតដៃដែលមានជាតិអាលកុលនៅពេលអ្នកមិនអាចស្វែងរកទឹកធម្មតាលាងបាន។ ចូរប្រើផលិតផលណាដែលមានជាតិអាលកុលសយ៉ាងហោចណាស់ ៦០ភាគរយ។

បង្ការការរលាកពីអាហារមានមេរោគ

  • យកអាហារញ៉ាំភ្លាមៗក្រោយពីចំអិនរួច ឬកម្តៅឡើងវិញពេលអាហារនៅសល់។ ការដែលទុកអាហារនៅខាងក្រៅយូរអាចអំណោយផលដល់ការលូតលាស់បាក់តេរីបាន។
  • លាងសម្អាតិនៅកន្លែងធ្វើអាហារជាញឹកញាប់ដើម្បីកុំអោយមេរោគរាលដាលពីអាហារមួយទៅអាហារមួយទៀតបាន។ ចូរលាងដៃ និងកន្លែងធ្វើអាហាររបស់អ្នកអោយបានច្រើនដងក្នុងពេលរៀបចំចម្អិនអាហារ។
  • ប្រើប្រាស់ទូរទឹកកកដើម្បីក្លាសេអាហារ ឬព្យាយាមប្រើថង់ផ្លាស្ទិចខ្ចប់អាហារទុកសម្រាប់ក្លាសេ។

បង្ការការរាគក្នុងពេលធ្វើដំណើរ

  • មើលអ្វីដែលអ្នកញ៉ាំ៖ ចូរញ៉ាំអាហារក្តៅៗ និងចម្អិនឆ្អិនល្អ។ ចៀសវាងញ៉ាំបន្លែ និងផ្លែឈើឆៅលុះត្រាតែអ្នកអាចបកសម្បកវាចេញបាន។ ចូរចៀសវាងញ៉ាំសាច់ឆៅ ឬមិនទាន់ឆ្អិនល្អ ព្រមទាំអាហារធ្វើពីទឹកដោះគោ។
  • មើលអ្វីដែលអ្នកផឹក៖ ចូរផឹកទឹកដបបរិសុទ្ធ, ទឹកក្រូចមានជាតិហ្គាស, ស្រាបៀ ឬស្រាដែលមានការវេចខ្ចប់ត្រឹមត្រូវ។ ចូរចៀសវាងទឹកចេញពីក្បាលរ៉ូមីណេ និងទឹកកក់ដុំតូចៗ។ ចូរប្រើទឹកដបបរិសុទ្ធសម្រាប់ការដុសធ្មេញ។ ចូរធ្វើយ៉ាងណាអោយមាត់អ្នកបិតពេលកំពុងតែងូតទឹក។ ភេសជ្ជៈដែលបានមកពីទឹកដាំពុះដូចជា កាហ្វេ និងតែគឺមានសុវត្ថិភាពល្អតែ។ ចូរចាំថា គ្រឿងស្រវឹង និងកាហ្វេអ៊ីនអាចធ្វើអោយការរាគ និងខ្សោះជាតិទឹកកាន់តែធ្ងន់ធ្ងរបាន។
  • សួរគ្រូពេទ្យអំពីការប្រើថ្នាំផ្សះ៖ បើសិនជាអ្នកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឈន៍រយៈពេលយូរ ចូរសុំអោយគ្រូពេទ្យចេញថ្នាំផ្សះមុនពេលអ្នកចេញដំណើរផងទៅ។ ករណីបែបនេះវាអាចជួយបន្ថយការប្រឈមនឹងជំងឺរាគបាន។

អត្ថបទដែលជាប់ទាក់ទង