កងទ័ពជើងគោក បាននាំយកថវិកាបរិច្ចាគដោយស្ម័គ្រចិត្ត របស់យោធិនបណ្តាអង្គភាពចំណុះ ប្រគល់ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែកទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ២០២១នេះ កងទ័ពជើងគោកបានប្រគល់ថវិកា ចំនួន ៧១២.៦០១.៣០០៛ និង ១.៥២០ ដុល្លារអាមេរិក ដែលជាថវិកាបរិច្ចាគដោយស្ម័គ្រចិត្ត របស់នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកជាមួយសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល សម្រាប់ត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងបង្ការដល់ប្រជាជនខ្មែរពីជំងឺរាតត្បាតនេះ។


ក្នុងឱកាសប្រគល់ថវិកានោះ ឧត្តមសេនីយ៍ទោ ឡេង លីម នាយសេនាធិការរង នាយខុទ្ធកាល័យកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឲ្យដឹងថា ថវិកាជាង ៧១២លានរៀល និងប្រាក់ដុល្លារ ១.៥២០ដុល្លារអាមេរិកនេះ គឺជាថវិកាជំហានទី១ ដែលបានមកពីការស្ម័គ្រចិត្តរបស់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក ចំនួន ១៩អង្គភាព ហើយនឹងបន្តនាំយកមកបន្ថែមទៀត ព្រោះនៅមានអង្គភាពមួយចំនួនដែលបាន និងកំពុងរៀបចំយកមកប្រគល់ជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមោទនភាព និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះទឹកចិត្ត និងការរួមចំណែកដ៏ថ្លៃថ្លានេះ ។

ការចូលរួមចំណែកនេះ ពិតជាបានបង្ហាញនូវទឹកចិត្តរបស់កងទ័ពនៅគ្រប់កាលៈទេសៈតែងតែលះបង់ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ជាពិសេសនៅក្នុងស្ថានភាពដ៏លំបាកនេះ។
សូមបញ្ជាក់ថា តាមស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានកំពុងបន្តក្លាយជាបញ្ហាប្រឈមមួយរបស់សកលលោក ក្នុងនោះក៏រួមទាំងកម្ពុជាផងដែរ ដោយបានជះឥទ្ធិពលមួយផ្នែកធំដល់សេដ្ឋកិច្ចជាតិ និងសង្គម។ ដើម្បីដោះស្រាយកត្តាប្រឈមនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់វិធានការបន្ទាន់មួយចំនួន ដើម្បីដោះស្រាយតម្រូវថវិកា និងរួមជាមួយថវិកាស្ម័គ្រចិត្តពីសប្បុរសជននានាក្នុងការត្រៀមទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីការឆ្លងជំងឺនេះ៕
