កម្ពុជា-តួកគីយ៉េ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

Banner Sidebar 1 – ទឹកលាងដៃ

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីតួកគីយ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាតរភាពជូនចំពោះ សម្តេចធិបតី និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ នាពេលនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ដែលជំនួបនេះបានឆ្លុះបញ្ចាំង និងបើកទំព័រថ្មីបន្ថែមទៀត​ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-តួកគីយ៉េ។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យស្ញប់ស្ញែងរបស់តួកគីយ៉េ ព្រមទាំងតួនាទីដ៏សំខាន់របស់តួកគីយ៉េក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់​ និងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ, សម្តេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចការងាររបស់សម្ដេចនាឱកាសនេះ នឹងផ្តល់សម្ទុះថ្មីដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ,​ ជាក់ស្តែង និងគ្របដណ្តប់លើវិស័យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រកាលពីប្រាំបីឆ្នាំមុនរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ នៃកម្ពុជា ។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រកបដោយផ្លែផ្កា នាពេលកន្លងមក​ ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយដើម្បីពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន​ នៃប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈទីភ្នាក់ងារ TIKA, និងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈការជំរុញវិស័យទេសចរណ៍ អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ជាដើម។ បន្ថែមពីនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សាគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ សំដៅលើកកម្ពស់សន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍប្រកបដោយចីរភាព, ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង